នាពេលថ្មីនេះកម្ពុជាបានដាក់ពាក្យស្នើទៅកាន់អង្គការយូណេស្កូដើមី្បសុំដាក់ទីក្រុងសំខាន់ៗចំនួនបីរួមមាន ក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត បញ្ចូលជាទីក្រុងបេតិកភណ្ឌពិភពលោកនៅខែមិថុនាខាងមុខនេះ ខណៈដែលក្រុងសៀមរាបបានបញ្ចូលរួចមកហើយ នេះបើយោងទៅតាមទំព៍រហ្វេសប៊ុកដែលជាគម្រោងរបស់ក្រសួងទេសចរ។
លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានឲ្យដឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះថា ការដាក់បញ្ចូលខេត្តទាំងបីនេះ ក្នុងបញ្ជីទីក្រុងបេតិកភណ្ឌិពិភពលោក របស់អង្គការយូណេស្កូ ដើម្បីឲ្យមានការទទួលស្គាល់ជាអន្តរជាតិ និងផ្សព្វផ្សាយទៅសកលលោកព្រមទាំង សំដៅទាក់ទាញទេសចរ និងអ្នកវិនិយោគនានា ឲ្យចូលរួមអភិរក្សនិងអភិវឌ្ឍទីក្រុងទាំងនោះផង។
លោកបន្តថា អ្វីដែលជាភាពពិសេសនោះគឺនាំឲ្យរាជរដ្ឋាភិបាលកម្ពុជា សើ្នសុំបញ្ចូលក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពតនេះ ដាក់ជាទីក្រុងបេតិកភណ្ឌពិភពលោក ដោយសារទីក្រុងទាំងនេះ សម្បូរទៅដោយសំណង់អគារ និងផ្ទះបុរាណៗជាច្រើន ពិសេសសម័យអាណានិគមនិយមបារាំង និងសម្បត្តិបេតិកភណ្ឌចំណាស់ៗ ដ៏សន្ធឹកសន្ធាប់ទៀត ដែលមានសក្ដានុពលខ្ពស់ ក្នុងការទាក់ទាញភ្ញៀវទេសចរ និងទាមទារឲ្យមានការថែរក្សាអភិរក្សជាចាំបាច់។
បច្ចុប្បន្ន កម្ពុជាបានសម្រេចចុះឈ្មោះប្រាសាទបុរាណពីរ ក្នុងកម្មវិធីអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តែមិនទាន់មាន ការចុះបញ្ជី ទីក្រុងនៅឡើយនោះទេ។ ប្រាសាទបុរាណទាំងពីររួមមាន ប្រាសាទអង្គរវត្តដែលបានចុះបញ្ជីអភិរក្សកាលពីឆ្នាំ១៩៩២ និងប្រាសាទព្រះវិហារនៅឆ្នាំ២០០៨។ នៅលើពិភពលោក មានទីក្រុងសរុប ២៥៦ ហើយដែលបានស្ថិតក្នុងបញ្ជីទីក្រុងបុរាណ នៃកម្មវិធីអភិរក្សរបស់អង្គការយូណេស្កូ។ ប្រទេសចិន វៀតណាម និង ឡាវ សុទ្ធសឹងមានទីក្រុងបេតិកភណ្ឌមួយៗចុះបញ្ជីនៅអង្គការយូណេស្កូ តែប្រទេសថៃមិនទាន់មាននោះទេ។ នេះបើតាមការអោយដឹងពី លោក ថុក សុខុម ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍។
គួរជម្រាបផងដែរថា រាល់សំណុំបែបបទ និងសំណុំឯកសារពាក់ព័ន្ធនានា ត្រូវបានក្រុមការងារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធផ្សេងទៀត រៀបចំទុកមុនរួចជាស្រេចហើយ រងចាំកិច្ចប្រជុំនៅខេត្តសៀមរាប នាពេលខាងមុខនោះមកដល់ ភាគីកម្ពុជានឹងដាក់ពិភាក្សាជាមួយបណ្ដាប្រទេស ក្នុងក្របខណ្ឌ ACD និងសម្រេចលទ្ធផលតែម្ដង៕
សូមបញ្ជាក់ថា ទីក្រុងប្រវត្តិសាស្ត្រដែលអាចរាប់បញ្ចូលក្នុងបញ្ជីអភិរក្សរបស់អង្គការយូណេស្កូបានត្រូវមានលក្ខខណ្ឌសំខាន់ៗមួយចំនួន ដូចជាសំណង់អគារដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើង តែត្រូវមានសភាពរឹងមាំ ទីក្រុងមានរបៀបរស់នៅដែលបន្សល់ជាលក្ខណៈបុរាណដូចជា ផ្ទះបុរាណ និងវត្តអារាមនានាដែលមានអាយុកាលច្រើនឆ្នាំ៕
Tags:
ពត៌មានជាតិ