ប្រវត្តិសាស្រ្តនេះកំពុងឈរស្ទ្រីម, បឹងដួល, ភាគច្រើននៃបឹងស្ងួតខ្មែរក្រហម, មិនដឹងថា !!

ទីតាំង​នីមួយៗ​នៅ​កម្ពុជា​ ភាគ​ច្រើន​សុទ្ធ​តែ​មាន​ប្រវត្តិ​ដើម​របស់​វា។​ តួ​យ៉ាង​ដូច​ជា​ឈ្មោះ​តំបន់​ ស្ទឹងមានជ័យ ទួលទំពូង បឹង​ទំពុន ទួលគោក មាន​ប្រវត្តិ​ដើម​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ដែល​ប្រជាជន​ភាគ​ច្រើន​បែប​មិន​បាន​ដឹង។
១. ស្ទឹងមានជ័យ
​ស្ទឹង​មាន​ជ័យ​ ពី​​ដើម​មាន​ឈ្មោះ​ថា “ស្ទឹង​ទទឹង​ថ្ងៃ” តែ​ប្រហែល​ជា​ក្នុង​រាជ្យ​ព្រះ​ជ័យ​ចេស្ដា​មាន​សង្គ្រាម​រវាង​ខ្មែរ-យួន ​កើត​​ឡើង កងទ័ព​ខ្មែរ​ដែល​មាន​ជ័យ​ជម្នះ​​លើ​ទ័ព​យួន​​ហើយ​កាប់​យួន​ស្លាប់​ពេញ​ទឹក​​ទើប​អ្នក​ស្រុក​ហៅ​កន្លែង​នោះ​ថា “អន្លង់​ក្បាល​យួន”។
ក្រោយ​ពី​មាន​ជម្នះ​ហ្លួង​ព្រះ​ជ័យ​ចេស្ដា​បាន​យាង​មក​ប្រថាប់​ឯ “ទួល​ព្រះ​ស្រី” ( ទួល​នេះ​កាល​ពី​សម័យ​ចតុមុខ​សម្ដេច​ព្រះចៅ​ពញាយ៉ាត​បាន​សង់​ឱ្យ​ព្រះ​រាជបុត្រ​ស្រី​រាជា​គង់​នៅ ក្រោយ​មក​ក៏​ហៅ​ថា ទួល​ព្រះ​ស្រី​រាជា បន្ត​មក​ជា​ទួល​ព្រះ​ស្រី ​ហើយ​ក៏​ក្លាយ​ជា​ទួល​ប្រស្រី ) ​ហើយ​ទ្រង់​ចង់​សាង​វាំង​តូច​មួយ​នៅ​ទី​នេះ​គ្រាន់​រំឭក​ដល់​អនុស្សាវរីយ៍​នៃ​ការ​មាន​ជ័យ​ជម្នះ និង មក​គង់​​ម្ដងម្កាល។
រយៈពេល​នោះ​ព្រះ​គ្រូ​ពោធិ​វាំង​ ឯក ( វត្តឧណ្ណាលោម ) និង ស្រី​ស្រឹង្គារ​មុនី ( វត្តភ្នំដូនពេញ ) ដែល​ជា​ជំនិត​នៃ​ហ្លួង​មាន​ជំនាញ​ខាង​ច្បាប់ បាន​មក​តែង​ច្បាប់​មួយ។ ច្បាប់​នេះ​ទាក់​ទង​នឹង​អាពាហ៍ពិពាហ៍​ហៅ​ថា​ទម្រង់​ការ​ព្រះ​ជ័យ​ចេស្ដា និង ខាង​ច្បាប់​ចៅ​ក្រម​មួយ។ ពេល​នោះ​ឯង​​ទើប​ព្រះ​គ្រូ​ពោធិ​វាំង​ឯក ទូល​ហ្លួង​ថា “ថ្វាយ​ព្រះពរ ! ដី​ទួល​ព្រះ​ស្រី​នេះ​ចង្អៀត​ណាស់ ​បើ​សព្វ​ព្រះរាជហឫទ័យ​សូម​​ធ្វើ​នៅ​ឯ​បឹង​ត្បែង​វិញ​ ដ្បិត​ទី​នោះ​វា​ទូលាយ”។
ក្រោយ​មក​ទើប​ហ្លួង​សម្រេច​ព្រះទ័យ​ទៅ​ធ្វើ​វាំង​ឯ​បឹង​ត្បែង​វិញ ​ឱ្យ​ឈ្មោះ​ថា​ “វាំងបឹងត្បែង” ( វាំង​នោះ​ឯង​កាល​ព្រះ​ករុណា​រាជានុកោដ្ឋ សម្ដេច​ស៊ី​សុវត្ថិ កាល​នៅ​ជា​មហា​ឧបរាជ​ទ្រង់​សព្វ​ព្រះទ័យ​ទៅ​តែ​ទី​នោះ​ណាស់ កាល​នោះ​ឯង​បារាំង​ស្មាន​ថា​ហ្លួង​រត់បាត់​តាម​ពិត​ហ្លួង​នៅ​ឯ​បឹង​ត្បែង​​នេះ​ទេ។ ​ទើប​ក្រោយ​មក​ចៅ​ពញា​ភក្ដី​សង្គ្រាម ហុក ជា​មេទ័ព​ធំ ទូល​ហ្លួង (ព្រះ​ជ័យ​ចេស្ដា) ថា “​សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ស្ទឹង​ទទឹង​ថ្ងៃ​នេះ​ជា​ទី​ជ័យ​ភូមិ​ច្បាំង​ដាច់​សាច់​កន្លែង​នេះ​ចុង​ក្រោយ” ​ទើប​ហ្លួង​ព្រះ​ជ័យ​ចេស្ដា​មាន​ព្រះ​រាជឱង្ការ​ថា​ “​ណ្ហើយ​ ! ឈប់​ហៅ​ស្ទឹង​ទទឹង​ថ្ងៃ​ទៅ ហៅ​ស្ទឹង​មាន​ជ័យ​វិញ” តំណ​នោះ​មក​​ទើប​ជាប់​ឈ្មោះ​មក​ដល់​សព្វ​ថ្ងៃ ។
២. បឹង​ទំពុន​
ឯ​ឈ្មោះ “បឹងទំពុន” ពាក្យ​ទំពុន​នេះ​ជា​ងារ​មនុស្ស​ពូជ​សូទ្រៈ​ដែល​ក្នុង​នោះ​មាន​បី​គឺ​ ទំពុន , ទំលែ , ចម្បងលែ។ ពួក​នេះ​ជា​អ្នក​​ល្មើស​នឹង​វិន័យ​ព្រះ​សាសនា​ដូច​យ៉ាង​សង្ឃ​ប្រព្រឹត្ត​ខុស​វិន័យ​ជា​​ដើម​​ទើប​ជាប់​ងារ​ជា​ពល​ព្រះ។ ​ពី​​ដើម​ប្រហែល​ជា​ពួក​នេះ​រក​ស៊ី​អី​នៅ​ម្ដុំ​បឹង​នេះ​​ទើប​ជាប់​ឈ្មោះ​ថា “បឹងទំពុន”មក​ ប៉ុន្តែ​​សព្វ​ថ្ងៃ​អស់​​ហើយ​។
៣. ទួល​គោក និង ទួល​ទំពូង​​
ឯ​ឈ្មោះ “ទួលគោក” សម្ដេច​ជួន ណាត​មាន​ព្រះ​បន្ទូល​ថា​ពី​​ដើម​ឱ្យ​តែ​ទឹក​លិច​អ្នក​ទឹក​ល្អក់​ជា​ដើម​នោះ​ ​ដែល​ប្រកប​របរ​ធ្វើ​ស្រែ រែក​ដី តែង​យក​គោ​ទៅ​ចង​នៅ​ទី​ទួល​នោះ​​ទើប​ជាប់​ឈ្មោះ​ថា “ទួលគោក”។ ឯ “ទួល​ទំពូង” ទ្រង់​មាន​ព្រះ​បន្ទូល​ថា​កាល​ទ្រង់​នៅ​ជា​លោក​នេន លោក​គ្រូ​តែង​​ប្រើ​ឱ្យ​ទៅ​​រើស​សម្បក​ទំពូង​នៅ​ទី​ទួល​មួយ​ដែល​ទី​នោះ​​ហើយ​គេ​ហៅ​ថា “ទួលទំពូង”។
គួរ​ដឹង​ថា​នេះ​ជា​ការ​ប្រែ​សម្រួល​ចេញ​ពី ​ព្រះ​សូរ​សព្ទ​ដើម​សម្ដេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត ជោតញ្ញា​ណោ ( ខ្សែ​អាត់​សំឡេង ) ដោយ​លោក​ គាង សុផែត៕​​​

Post a Comment

ទីនេះសំរាប់សរសេរខំមិន!

Previous Post Next Post