Unlike two years of traditional festivals, ancestors and pleasures, ask for rain and ask for your peace One umbrella on the outskirts of Phnom Penh is still availability every year, with a large number of engaged people.
មិនខុសពីរាល់ឆ្នាំពិធី បុណ្យបែបប្រពៃណីដង្ហែអ្នកតា និងបន់ស្រន់ សុំទឹកភ្លៀង និងសុំសេចក្ដីសុខរបស់អ្នកភូមិមួយនៅជាយរាជធានីភ្នំពេញនៅតែមានធ្វើជារៀងរាល់ឆ្នាំដែលមានប្រជាជនចូលរួមយ៉ាងច្រើនកុះករ។
ពិធីបុណ្យដង្ហែអ្នកតា និងបន់ស្រន់សុំទឹកភ្លៀង និងសុំសេចក្ដីសុខរបស់ ភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនេះមានឈ្មោះថា ពិធីបុណ្យហែអ្នកតាព្រីងក្អែក។ ពិធីហែអ្នកតានេះមានរយៈពេលមួយថ្ងៃ មួយយប់គឺចាប់ផ្ដើមនៅល្ងាចថ្ងៃទី ៤កើត ខែជេស្ឋ គេធ្វើពិធីក្រុងពាលី និងសម្ដែងល្ខោន ហើយបញ្ចប់នៅថ្ងៃទី ៥កើត ខែជេស្ឋ គឺជាការដង្ហែអ្នកតាទៅទីទួលអ្នកតាព្រីងក្អែក។ បើតាមអ្នកស្រី ទី គីម អាយុ ៦៩ឆ្នាំ បានប្រាប់ឲ្យដឹងថា ពិធីបុណ្យដង្ហែអ្នកតាព្រីងក្អែក ត្រូវប្រារព្ធធ្វើនៅទីនោះជារៀងរាល់ឆ្នាំពុំដែលខានឡើយ ក្នុងគោលបំណងដើម្បីសុំទឹកភ្លៀង សុំសេចក្ដីសុខ និងបណ្ដេញឧបទ្រពចង្រៃចេញពីភូមិ។
ក្នុងពិធីនេះ គេសង្កេតឃើញមនុស្សលាបមុខលាបមាត់ តុបតែងខ្លួនប្លែកៗ មានប្រណាំងសេះ សម្ដែងល្ខោនពេលយប់ និងពិធីបន់ស្រន់ផ្សេងៗ ដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះករ៕