
(សេអ៊ូល)៖ នៅថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩ គឺជាពេលដែល Samsung Galaxy Fold ដែលត្រូវបានពន្យារ ពេលចេញលក់អស់ប៉ុន្មានខែនោះ ត្រូវបញ្ចេញមុខជាថ្មី និងជាផ្លូវការតែម្តង នៅទីក្រុងសេអ៊ូលនៃប្រទេស កូរ៉េខាងត្បូង ហើយអ្វីដែលកាន់តែពិសេសនោះ គឺវាមានបំពាក់ 5G មករួចជាស្រេច មិនខុសពីការគ្រោងបញ្ចេញ Huawei Mate X ដែលត្រូវបានពន្យារពេលដូចគ្នានោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩)
Galaxy Fold គឺជាទូរស័ព្ទបត់អេក្រង់មុនគេលើលោក និងដំបូងបំផុតរបស់ Samsung ដែលមានអេក្រង់ Super AMOLED គុណភាពកម្រិតខ្ពស់បំផុត និងអាចបត់បានដូចជាក្រដាស ព្រមទាំងបានឆ្លងកាត់ការធ្វើតេស្តយ៉ាង ខ្លាំងក្លាបំផុត។ សម្រាប់តម្លៃ Galaxy Fold នៅកូរ៉េខាងត្បូងវិញគឺ ២,៣៩៨លានវ៉ុន ឬស្មើនឹង ១,៩៧៧ដុល្លារ អាមេរិក។
គួរបញ្ជាក់ថា ទោះបីត្រូវសម្ពោធជាផ្លូវការនៅថ្ងៃទី០៦ ខែកញ្ញា ក៏ពិតមែន តែវានឹងត្រូវបញ្ចេញលក់ទៅទីផ្សារ បរទេសនៅឆ្នាំ២០២០ឯណោះ ដូចជានៅសហរដ្ឋអាមេរិក Samsung គ្រោងយក Galaxy Fold ទៅលក់នៅ ទីនោះក្នុងខែមេសា ឆ្នាំ២០២០ រួមទាំងប្រទេសតំបន់អឺរ៉ុបជាច្រើនទៀតនាពេលបន្តបន្ទាប់។ អ្វីដែលគួរឲ្យចាប់ អារម្មណ៍ Samsung ក៏សុខចិត្តធានាជួយជួសជុលអេក្រង់ខូច ជាមួយនឹងការចេញថ្លៃចំណាយជូន ៧០% លើតម្លៃជួសជុលដើម សម្រាប់អតិថិជនទាំងអស់ផងដែរក្នុងរយៈពេល ១ឆ្នាំ៕
Tags:
បច្ចេកវិទ្យា