Do not look at this easy thing, for there are few young people who are depressed because they choose a job, not right, and fail. True is a job that doesn't talk to your knowledge, skills, and hobbies, choosing not to be because you don't really know yourself.
Thousands of jobs are needing applicants to do, while some young people don't know themselves what jobs should be done, Saba Y introduces 8 point methods for you to have some ideas and hope you will all be able to make good decisions.
កុំមើលស្រាលរឿងងាយស្រួលមួយនេះឲ្យសោះ ព្រោះមានយុវជនមិនតិចទេដែលខូចចិត្តព្រោះរើសការងារមិនត្រូវ ហើយបរាជ័យ។ ការងារមិនត្រូវ គឺការងារដែលមិនត្រូវនឹងចំណេះ ជំនាញ និងចំណូលចិត្ត របស់ខ្លួន ការរើសការងារមិនត្រូវព្រោះតែ ខ្លួនឯងមិនស្គាល់ខ្លួនឯងពិតប្រាកដ។
ការងាររាប់ពាន់កំពុងត្រូវការអ្នកដាក់ពាក្យចូលធ្វើ ខណៈពេលដែលយុវជនខ្លះមិនដឹងខ្លួនឯងថា គួរជ្រើសការងារមួយណាមកធ្វើនោះ Sabay ណែនាំវិធីសាស្ត្រ ៨ ចំណុចឲ្យអ្នកបានជាគំនិតខ្លះៗ ហើយសង្ឃឹមថា អ្នកទាំងអស់គ្នានឹងអាចធ្វើការសម្រេចចិត្តបានល្អប្រើ។
១. វាយតម្លៃខ្លួនឯង
ការវាយតម្លៃលើខ្លួនឯង ជាវិធីល្អដើម្បីឲ្យស្គាល់ខ្លួនឯងបានច្បាស់ថា ខ្លួនឯងត្រូវការអ្វី ចូលចិត្តអ្វី ខ្លាំងខាងអ្វី ខ្សោយខាងអ្វី តើត្រូវធ្វើអ្វី។ ជាមួយគ្នានេះអ្នកត្រូវស្គាល់អត្តចរិតរបស់ខ្លួនផងដែរ។ ដើម្បីធ្វើការវាយតម្លៃខ្លួនឯងបានមុននឹងជ្រើសរើសការងារត្រឹមត្រូវមួយអ្នកត្រូវមើលលើ ៤ ចំណុច៖
គុណតម្លៃ តើអ្នកឲ្យតម្លៃទៅលើអ្វីជាសំខាន់? វាអាចជាប្រាក់ចំណូល កិត្តិយស អំណាចជាដើម។
ចំណាប់អារម្មណ៍ តើអ្នកចូលចិត្តធ្វើអ្វី រស់នៅរបៀបណា? ឧទាហរណ៍ថា អ្នកចូលចិត្តជួបជជែកគ្នាជាមួយមនុស្សក្នុងសង្គម ចូលចិត្តដើរឆ្ងាយ ចូលចិត្តសរសេរច្រើនជាដើម។
បុគ្គលិកលក្ខណៈ តើអ្នកជាមនុស្សប្រភេទណា? ចូលចិត្តស្ងៀមស្ងាត់ ឬអ៊ូអរ ចូលចិត្តបែបសប្បាយ ឬចូលចិត្តគិតច្រើនដោះស្រាយបញ្ហា ចូលចិត្តភាពសាមញ្ញសេរីភាព ឬចូលចិត្តប្រណីតភាព...។
សមត្ថភាព តើអ្នកពូកែខាងអ្វីជាងគេ? មនុស្សម្នាក់ៗ តែងមានចំណុចពូកែជាងគេមួយ ហើយជាចំណុចខ្លាំងបំផុតក្នុងខ្លួន។ ដូចជាពូកែខាងថតរូប ឬភាសាកុំព្យូទ័រជាដើម។
២. រាយឈ្មោះការងារដែលទាក់ទងនឹង៤ចំណុចខាងលើ
សរសេរឈ្មោះការងារ ដែលមើលទៅអ្នកទំនងអាចធ្វើបានឲ្យបាន ៥ ទៅ ១០ ការងារ ដោយផ្អែកលើចំណុចទាំងបួនខាងលើ។ ឧទាហរណ៍ថា អ្នកឲ្យតម្លៃលើការរស់នៅបែបធម្មជាតិ ចូលចិត្តដើរហើរ និងសេរីភាព មានសមត្ថភាពស្វែងយល់បានលឿនពីការថតរូប អ្នកគួរតែជាអ្នកជំនាញថតរូបម្នាក់ ឬអ្នកកាសែតថតរូប។ ក្រៅពីនេះ វាអាចជាការងារដែលអ្នកពុំសូវដឹង ឬស្គាល់ប៉ុន្មាន ប៉ុន្តែកុំបារម្ភពេក ព្រោះអ្នកមិនមែនជាអ្នកត្រាស់ដឹងគ្រប់រឿងនោះទេ។
៣. ស្រាវជ្រាវពីការងារដែលអ្នកបានជ្រើសរើសហើយ
បន្ទាប់ពីកត់ឈ្មោះការងារបានខ្លះហើយ អ្នកត្រូវធ្វើការស្រាវជ្រាវពីព័ត៌មានជាមូលដ្ឋានទាក់ទងនឹងការងារទាំងនោះ។ អ្នកត្រូវរកការពណ៌នាពីការងារ (Job Description) តម្រូវការក្នុងការងារដូចជា កម្រិតវប្បធម៌ បទពិសោធន៍ការងារជាដើម។ អ្នកក៏ត្រូវមើលពីឱកាសដើម្បីអភិវឌ្ឍន៍ខ្លួន និងទស្សនៈវិស័យការងារផងដែរ។ សូមចូលមើលតែប្រព័ន្ធផ្សព្វផ្សាយពីឱកាសទីផ្សារការងារដែលមានទំនុកចិត្តបំផុត ដូចជាគេហទំព័ររបស់ក្រសួងការងារ ទំព័រFacebook Sabay Job និង ការ ផ្សព្វផ្សាយ តាម កាសែត ផ្លូវការមួយចំនួនទៀត។
៤. រើសការងារល្អបំផុត តែ២-៣បានហើយ
ក្រោយពីស្រាវជ្រាវព័ត៌មានខ្លះៗ នៃការងារនីមួយៗ ដែលអ្នកបានជ្រើសរើសហើយ អ្នកប្រាកដជាមើលឃើញការងារល្អ សមរម្យនឹងខ្លួនឯងបំផុត២ ឬ ៣ ដែលស្រដៀងៗគ្នា។ បើសិនអ្នកខ្វះចំណុចណាមួយ ដូចជាផ្នែក Soft Skill ទាក់ទងនឹងភាពជាបុគ្គលិក ការងារជាក្រុម ឬចំណេះដឹងបន្ថែមផ្នែកច្បាប់ ឬជំនួញជាដើម អ្នកអាចចាប់ផ្ដើមស្វែងរកសិក្ខាសាលាបណ្ដុះបណ្ដាលបន្ថែម និងរៀនតាមអ៊ីនធឺណិត។
៥. ជួបផ្ទាល់ជាមួយអ្នកមានបទពិសោធន៍ការងារ
គ្រាន់តែដឹងតាមរយៈគេសរសេរវាមិនគ្រប់គ្រាន់ទេ អ្នកត្រូវការជួបអ្នកមានបទពិសោធន៍ផ្ទាល់ទៀត ទើបបានភ្លឺភ្នែក។ សាករៀនណាត់គេ ដើម្បីជួបជជែកគ្នាពីការងារ ដែលអ្នកមានបំណងចង់ធ្វើមើល។ សួរគេថា តើការងារនោះប្រឈមនឹងអ្វីខ្លះ លំបាកប៉ុណ្ណា គេធ្វើអ្វីខ្លះ ខ្ញុំមានសមត្ថភាពប៉ុណ្ណេះ តើខ្ញុំអាចបំពេញការងារនោះបានល្អទេ។ ជួនកាលបើអ្នកមានទំនាក់ទំនងល្អជាមួយ ប្រធានផ្នែកធនធានមនុស្ស (HR) អ្នកក៏អាចសុំអនុញ្ញាតចូលមើលប្រព័ន្ធការងារនៅកន្លែងគេផ្ទាល់ក៏បាន។
៦. សម្រេចរើសការងារមួយមកធ្វើ
តើការងារមួយណាល្អសម្រាប់អ្នក? ល្អសម្រាប់ការអភិវឌ្ឍខ្លួន និងទទួលបានប្រាកខែសមល្មម។ អ្នកអាចជ្រើសយកការងារមួយដែលអ្នកគិតថាល្អ និងពេញចិត្តបំផុតដោយផ្អែកលើការស្រាវជ្រាវដ៏យកចិត្តទុកដាក់ខាងលើ និងត្រៀមចិត្តគំនិត ដើម្បីបំពេញការងារឲ្យបានល្អបំផុត។
៧. កំណត់គោលដៅការងារ
ពេលអ្នកទទួលបានការងារថ្មីមួយ! អ្វីដែលអ្នកត្រូវធ្វើគឺកំណត់គោលដៅការងារខ្លួនឯង នេះជាកិច្ចការរបស់បុគ្គលិកម្នាក់ៗតែងធ្វើ។ គោលដៅមានពីរគឺ គោលដៅរយៈពេលខ្លី (៦ខែទៅ១ឆ្នាំ) និង គោលដៅរយៈពេលវែង (៣ឆ្នាំទៅ៥ឆ្នាំ)។ រយៈពេល ៦ខែ តើអ្នកនឹងសម្រេចឲ្យបាននូវអ្វីខ្លះ? ជាក់ស្ដែងខ្ញុំអ្នកផលិតវីដេអូផ្ទាល់រយៈពេល៦ខែដំបូងខ្ញុំត្រូវរកអ្នកចូលមើលវីដេអូឲ្យបាន៥ម៉ឺននាក់។ តាមរយៈសមិទ្ធផលតូចៗទាំងនេះ ក្នុងរយៈពេល៣ឆ្នាំ តើអ្នកនឹងសម្រេចអ្វីខ្លះ? នេះជាសំណួរសម្រាប់កំណត់គោលដៅ។
រៀបគម្រោងសម្រេចគោលដៅ
អ្នកមានគោលដៅ តើអ្នកសម្រេចគោលដៅដោយរបៀបណា? នេះជាសំណួរចាក់ដោតដល់កម្រិតហើយ។ ដូច្នេះគេទាមទារឲ្យអ្នករៀបចំគម្រោងនៃដំណើរការងារឲ្យបានច្បាស់ ដើម្បីសម្រេចឲ្យបាននូវគោលដៅដែលបានកំណត់។ ឧទាហរណ៍ បើអ្នកជាភ្នាក់ងារលក់ផលិតផលម្នាក់ ក្នុងរយៈពេល៦ខែ ធ្វើម៉េចលក់ឲ្យបាន១៥០០ ឯកតា (Unit) អ្នកត្រូវរៀបចំឲ្យមានវីដេអូផ្សព្វផ្សាយ ៣០ Poster ១៥០ សន្លឹក ទាក់ទងដោយផ្ទាល់ជាមួយហាងបោះដុំឲ្យបាន ៥ និងអ្នកលក់រាយឲ្យបាន៣០កន្លែងជាដើម។
យី! ការងារមួយសោះហេតុអ្វីបានជាត្រូវធ្វើរឿងស្មុគស្មាញច្រើនម្ល៉េះ?
កុំមើលស្រាលឲ្យសោះ! ការងារដំបូង ជាអ្នកដឹកនាំជីវិតការងារបន្តបន្ទាប់របស់អ្នក ថ្ងៃណាមួយអ្នកចង់ដូរការងារ អ្នកនឹងដឹងថា ការងារដែលអ្នកស្រួលរកបំផុត និងទទួលបានចំណូលសមរម្យបំផុតគឺការងារ ដែលមានលក្ខណៈដូចការងារដែលអ្នកធ្លាប់ធ្វើពីមុន ហើយអ្នកនឹងមិនងាយរកការងារផ្សេងពីនោះទេ។ ឧទាហរណ៍ថា អ្នកធ្វើជាអ្នកកាត់តវីដេអូ ពេលចង់ដូរការងារ កន្លែងដែលអ្នកងាយចូលបំផុតគឺកន្លែងកាត់តវីដេអូ បើចង់ទៅធ្វើជាតៃកុងឡាន អ្នកមានសង្ឃឹមបានចូលធ្វើតិចណាស់។ ដូច្នេះហើយបានជាអ្នកត្រូវធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវបំផុត កុំឲ្យមានវិបត្តិនៅថ្ងៃក្រោយ។
កុំសម្លឹងមើលឃើញតែប្រាក់ខែ បែរមកមើលសមត្ថភាពខ្លួនឯងផង។ អ្នកមិនអាចទទួលបានប្រាក់ខែច្រើនទេ ប្រសិនសមត្ថភាពអ្នកខ្សោយ។
Tags:
Knowledges