
ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានចេញផ្សាយនូវបទប្បញ្ញត្តិថ្មីមួយដោយរាល់ការដាក់ពាក្យសុំទិដ្ឋាការ (Visa) ទៅអាមេរិក ចាំបាច់បុគ្គលនោះត្រូវផ្តល់ព័ត៌មានទាក់ទិននឹងបណ្តាញសង្គមដែលពួកគេប្រើប្រាស់សិន។
ច្បាប់ដែលបានស្នើសុំកាលពីខែមិនា ឆ្នាំ ២០១៨ ត្រូវបានគេអនុម័តជាផ្លូវការកាលពីសប្តាហ៍មុន ដោយសម្រាប់បែបបទបំពេញព័ត៌មានលើទម្រង់ច្បាប់ពាក្យសុំទិដ្ឋាការ គឺតម្រូវជាចាំបាច់ឲ្យបំពេញនូវឈ្មោះគណនីលើបណ្តាញសង្គម (Facebook/Instagram) ជាមួយនឹងអាសយដ្ឋាន Email និងលេខទូរសព្ទជាដើម។
តាមរយៈសេចក្តីប្រកាសផ្លូវការមួយបានចុះផ្សាយថា៖ "សន្តិសុខជាតិគឺជាអាទិភាពខ្ពស់បំផុតសម្រាប់ការពិចារណាលើការដាក់ពាក្យសុំទិដ្ឋការ ហើយបុគ្គលគ្រប់រូបដែលចង់ធ្វើដំណើរឬធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកចាំបាច់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដោយនេះក្នុងគោលដៅការពារពលរដ្ឋអាមេរិក ក៏ដូចជាជំនួយដល់ផ្នែកទេសចរ"។

កន្លងទៅករណីនេះក៏កើតមានឡើងសម្រាប់បុគ្គលមួយចំនួនដែលឆ្លងកាត់ការត្រួតពិនិត្យក្នុងលក្ខខណ្ឌពិសេស ប្រសិនណាពួកគេធ្លាប់បានធ្វើដំណើរទៅប្រទេសឬតំបន់ដែលមានអំពើភេរវកម្ម ដោយមានការទាមទារពិនិត្យលម្អិតទាក់ទិននឹងអាសយដ្ឋាន Email ក៏ដូចជាព័ត៌មានលើបណ្តាញសង្គមរបស់ពួកគេ។ យោងតាម AP មានមនុស្សប្រមាណ ៦៥ ០០០ នាក់ក្នុង ១៥ លាននាក់សរុបដែលបានឆ្លងកាត់ការត្រួតពិនិត្យលក្ខខណ្ឌពិសេសមួយនេះ។

បែបណាមិញច្បាប់ថ្មីនឹងអនុវត្តទៅលើបុគ្គលគ្រប់រូបចាប់ពីពេលនេះតទៅ ដោយទម្រង់ពាក្យសុំទិដ្ឋាការ តម្រូវឲ្យអ្នកបំពេញព័ត៌មានទាក់ទងនឹងគណនីបណ្តាញសង្គម ជាមួយលេខទូរសព្ទដែលប្រើប្រាស់សក្នុងរយៈពេល ៥ ឆ្នាំ។
ជុំវិញការបង្កើតច្បាប់ថ្មីនេះដែរ សេដ្ឋកិច្ចវិទូបានមើលឃើញថាអាចបង្កផលប៉ះពាល់ដល់សហរដ្ឋអាមេរិក ដោយថាជនអន្តោប្រវេសន៍គឺជាប្រភពដ៏សំខាន់នៃកម្លាំងពលកម្មក្នុងស្រុក ដើម្បីសម្រេចបានការអភិវឌ្ឍនូវបច្ចេកវិទ្យានិងវិទ្យាសាស្រ្ត ដូច្នេះការដាក់កំហិតក្រោមការគ្រប់គ្រងដោយលោក Donald Trump ត្រូវបានរាប់បញ្ចូលថាជាសកម្មភាពដ៏លំបាកមួយ។
Tags:
ពត៌មានអន្តរជាតិ