
ចរាចរណ៍រថយន្តមួយទឹកនៅតែមានការពេញនិយម មិនសូវស្រកស្រុតទីផ្សារ ព្រោះវាមានតម្លៃធូរថ្លៃហើយគុណភាពនៅប្រើប្រាស់បាន។ ប្រភេទរថយន្តមួយទឹកពេញនិយមមានដូចជា Highlander, Camry បាឡែន, Lexus, Prius និងមានសារីទំនើបៗជាដើម។
ពលរដ្ឋមួយចំនួនតែងតែរកទិញរថយន្តតាមឃ្លាំង ដែលត្រូវឈ្មួញទិញយកទៅជួសជុលយ៉ាងស្អាត ប៉ុន្តែមានអ្នកមួយចំនួនចង់បានរថយន្តមួយទឹកដែលគេទម្លាក់ពីកុងតឺណ័រ ដោយសារអាចឃើញរូបរាងជាក់ស្តែងងាយសម្រេចចិត្ត។
តាមអ្នកជំនាញប្រាប់ថា ទិញរថយន្តទម្លាក់ពីកុងតឺណ័រមិនស្រួលទេ បើមិនមានជំនាញច្បាស់លាស់។ បើអ្នកចង់ទៅរកទិញរថយន្តទម្លាក់ពីកុងតឺណ័រដើម្បីបានរថយន្តល្អអាចទទួលយកបាន គួរគប្បីមើលលើប៉ុន្មានចំណុចខាងក្រោមនេះសិនទើបល្អ៖
- ជាធម្មតាឡានទម្លាក់ពីកង់តឺណ័រភ្លាម ងាយស្រួលមើល បើវាអត់ច្រេះមានន័យថាឡាននេះនៅល្អអាចយកទៅប្រើបាន ដល់ថ្នាក់មិនបាច់មើលម៉ាស៊ីនក៏បានដែរ។ មើលទៅលើតួរថយន្តជើងក្រោមសាក់ស៊ីកន្លែងចាប់កង់រថយន្តមិនច្រេះឬសឹកនេះទើបជារថយន្តដែលមិនមានការប្រើប្រាស់ច្រើននិងប្រើនៅតំបន់ដែរមានផ្លូវស្អាតល្អ។
- មើលសាច់ដែក ទឹកថ្នាំហ្សីនឬមិនហ្សីន។ រថយន្តដែលនៅថ្មីទាំងមូល គេកម្រទិញណាស់ ដោយសារឡានហ្នឹងគេប្រើប្រាស់ច្រើន (មានគីឡូច្រើន)។
- នៅលើឡានគេមានបិទក្រដាសបញ្ជាក់ចំនួនគីឡូ ដែលយើងអាចឆែកមើលបាន។ ជាធម្មតាឡាននៅគីឡូតិចគេចង់បាន ហើយសមស្របបំផុតបើក្រោម ១០ ម៉ឺនគីឡូអាចទទួលយកបាន។
- មើលពូកខាងក្នុងបើនៅថ្មី មិនស្លក មិនមានការខូចខាត់បុកកុំពុិតមើលផ្នែកខាងក្នុងកន្លែងអង្គុយពូកមានលក្ខណៈនៅស្អាតទើបមិនមានការប្រើប្រាស់យូរ បានន័យថាឡាននេះមិនសូវគេប្រើប្រាស់ច្រើនទេ។
- ចំណុចមួយទៀត ឡានមួយទឹកតែងតែមានការខូចខាតបុកទង្គិច។ បើប៉ះពាល់ខាងក្រោយ មិនសូវបារម្ភទេ ប៉ុន្តែខូចខាតផ្នែកខាងមុខត្រូវប្រយ័ត្នបំផុត។ ត្រឹមចង្កៀងមុខ ប៉ាន់ណា ឬធុងទឹក គេអាចទិញថ្មីប្តូរចេញបានប៉ុន្តែបើប៉ះដល់តួសាក់ស៊ីម៉ាស៊ីន វាពិបាកជួសជុល ហើយបើជួលជុលក៏មិនបានល្អដូចដើមដែរ។
- ពិនិត្យមើលប្រេងម៉ាស៊ីននៅថ្មីនេះម៉ាស៊ីននិងដំណើរការល្អមើលកុងទ័របើមានចំនួនតិចនោះរថយន្តនេះប្រើប្រាស់បានតិច។ មើលទៅលើសំបកកង់ព្រោះនៅបរទេសនៅពេលប្ដូរកង់គេតែងមានការបរិច្ឆេទឆ្នាំនៃការប្ដូរកង់ថ្មី(រយះពេល៣ឆ្នាំឬចាប់ពី៥០០០ទៅ១០០០០គីឡូប្ដូរម្ដងអាស្រ័យលើស្ថានភាពជាក់ស្ដែង)។
ក្រៅពីមើលលើចំណុចពិសេសៗខាងលើនេះអ្នកត្រូវទិញក៏ត្រូវដឹងពីប្រភពទំនិញពីប្រទេសណាក្រុមហ៊ុននាំចូលមានលិខិតស្នាមបញ្ជាក់ពីរថយន្តច្បាស់លាស់ផងដែរ៕
Tags:
ចំនេះដឹង